នៅថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន ធីរុង្គ រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (ក.ស.ហ.វ.), និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ ក.ស.ហ.វ., និងជាអគ្គលេខាធិការ នៃ អ.គ.ហ. បានដឹកនាំកិច្ចប្រជុំជាមួយសហភាពអឺរ៉ុបប្រចាំកម្ពុជា ស្ដីពីការគាំទ្រការរៀបចំគោលការណ៍ណែនាំស្ដីពីកម្មវិធីវិនិយោគសាធារណៈបីឆ្នាំរំកិល (PIP Guideline)។ កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងណែនាំសមាសភាពជំនាញការថ្មី ដែលមកបំពេញភារកិច្ចជួយក្រសួងផែនការក្នុងការរៀបចំគោលការណ៍ណែនាំស្ដីពីកម្មវិធីវិនិយោគសាធារណៈបីឆ្នាំរំកិល (PIP Guideline) និងទទួលអនុសាសន៍បន្ថែមពីឯកឧត្ដមប្រធានអង្គប្រជុំ ពាក់ព័ន្ធទៅនឹងការរៀបចំគោលការណ៍ណែនាំខាងលើនេះ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោក Davide Berton អ្នកគ្រប់គ្រងគម្រោង, លោក Sebastien Dubost EU4PFM Team Leader, លោក Alex Anotonovs ជំនាញការគម្រោង EU4PFM, លោកតំណាងក្រសួងផែនការ, មន្ដ្រីជំនាញជាន់ខ្ពស់ និងមន្ដ្រីជំនាញនៃ អ.គ.ហ.។